• ព្រឹត្តិការណ៏ប្រចាំថ្ងៃ

    នេះ​ហើយ​ទឹកចិត្ត​ម្ដាយ លះបង់​គ្រប់យ៉ាង​ដើម្បី​កូន​…!

    រាជធានី​ភ្នំពេញ ៖ អ្នក​ដែល​បានឃើញ​ហេតុការណ៍ ស្ត្រី​ចំណាស់​ម្នាក់​យក​ចំណី​ទៅ​បញ្ចុក​កូនប្រុស​ដែល​មាន​ជំងឺសរសៃប្រសាទ ដល់​ប៉ុស្ដិ៍​នគរបាល ក្នុង​ស្ថានភាព​ដែល​កូន​កំពុង​ជាប់​ខ្នោះដៃ​ទាំង​ពីរ​។ អ្វី​ដែល​ចាប់អារម្មណ៍​នោះ​គឺ​កូនប្រុស​មិន​បាន​ស្គាល់​ម្ដាយ​ឡើយ ហើយ​នៅ​ក្នុង​ពេល​ដែល​ម្ដាយ​យកនំ​បុ័ង ពង​ទា​កូន និង​ទឹក​សុទ្ធ​ទៅ​បញ្ចុក​ត្រូវ​កូន​ខ្ជាក់ និង​ព្រួស​ចោល ថែម​ទាំង​ស្រែក​សម្លុត​គំរាមកំហែង និង​ព្រួស​ចំណី​ដាក់​មុខ​ម្ដាយ​ទៀត​ផង​។ ប៉ុន្តែ​ទោះបីជា​បែប​ណា​ស្ត្រី​ជា​ម្ដាយ​នៅ​តែ​លួងលោម​កូន​ឲ្យ​ហូប​អាហារ ហើយ​គាត់​បាន​យំ​គួរ​ឲ្យ​អាណិត​បំផុត ហើយ​ម្នាក់​ៗ​បាន​ត្រឹមតែ​លាន់មាត់​ថា "​នេះ​ហើយ​គឺជា​ទឹកចិត្ត​ម្ដាយ ចំពោះ​កូន​"​។


    ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
    ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ពុំ ចាន់​ធឿ​ន អាយុ​៥៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អូរ​អង្ក្រង​លើ ឃុំ​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​។ ចំណែក​កូនប្រុស ឈ្មោះ​រុន សារី ៣៥​ឆ្នាំ ស្រុក​កំណើត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ស្គន់ ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង មាន​ប្រពន្ធ និង​កូន​មួយ​។

    គួរ​រម្លឹក​ផង​ដែរ​ថា បុរស​ជា​កូន​រូប​នោះ​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល និង​បែក​ថ្ងាស​ដេរ​ចំនួន​១០​ថ្នេរ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​លាងចាន កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​ប៉ុស្តិ៍​ចោម​ចៅ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ សុខ ថុ​ល អាយុ​៤៧ ឆ្នាំ​មុខរបរ​ប​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​អណ្ដូង ឃុំ​សូរ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​រង​របួស​បែកក្បាល​ដេរ​៤​ថ្នេរ និង​ថ្ងាស​ដេរ​៦​ថ្នេរ ព្រមទាំង​របួស​ដៃ​ផង​ដែរ​។

    ស្ត្រី​ជា​ម្ដាយ​បាន​និយាយ​ថា គាត់​មានកូន​ប្រុស​ស្រី​ចំនួន​៩​នាក់ ប៉ុន្តែ​បាន​ស្លាប់​ជា​បន្ត​ន្ទា​ប់​អស់​ចំនួន​៤​នាក់ នៅ​សល់​តែ​៥​នាក់​ប៉ុណ្ណោះ​។ ដោយឡែក​កូនប្រុស​ម្នាក់​នេះ​គឺជា​កូន​ទី​២ ហើយ​គេ​បាន​ក្លាយទៅជា​មនុស្ស​សរសៃប្រសាទ​ដោយសារ​តែ​ផឹកស្រា​ច្រើន​ពេក ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​គ​វាយ​ធ្វើបាប​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ម្ដុំ​ផ្សារ​ពោធិ៍​ចិន​តុង​ផង​ដែរ​ទើប​ក្លាយទៅជា​អីចឹង​។ កន្លង​មក​កូន​គាត់​ម្នាក់​នេះ​មិន​ដែល​ធ្វើបាប​នរណា​ទេ ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​វាយ​គេ​វាយ​ឯង​លែង​ស្គាល់​ទាំង​រូប​គាត់​ទៀត ហើយ​ក្រោយ​ពេល​កូន​មាន​បញ្ហា​បែប​នេះ​គាត់​បាន​ចងការ​ប្រាក់​គេ​ចេញថ្លៃ​ព្យាបាល​អ្នក​របួស ២០០​ដុល្លារ​។ ប៉ុន្តែ​រក​ទើបបាន​៥០​ដុល្លារ​ប៉ុណ្ណោះ នៅ​ខ្វះ​១៥០​ដុល្លារ​ទៀត​កំពុង​រក​ចងការ​គេ​បន្ថែម​ទៀត មិនតែប៉ុណ្ណោះ​គាត់​បាន​យក​អត្តសញ្ញាណប័ណ្ណ​ប្រគល់​ឲ្យ​ខាង​អ្នក​រង​គ្រោះ​ដើម្បី​ឲ្យ​ទុកចិត្ត ហើយ​ពេល​រក​ប្រាប់​គ្រប់​ចំនួន​ទើប​យក​អត្តសញ្ញាណប័ណ្ណ​មក​វិញ​៕




    Health

    Social

    Novel