
សម្រាប់ លោក Jacob Heilbrun និពន្ធនាយក The National Interest ការចង់បានសម្បទានពីកូរ៉េខាងជើង តាមរយៈការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬក៏ សម្ពាធ គឺជាកំហុសមួយដ៏ធំរបស់ រដ្ឋាភិបាលអាមេរិក ត្បិតការធ្វើបែបនេះ នឹងធ្វើឱ្យទីក្រុងព្យុង យ៉ាង កាន់តែច្បាស់នៅក្នុងចិត្តថា បើមិនចង់មានជោគ វាសនាដូចលីប៊ី និងអ៊ីរ៉ាក់ ខ្លួនត្រូវតែមានអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាដាច់ខាត ដើម្បីមានទឹកមាត់ប្រៃនិយាយ ជាមួយទីក្រុងវ៉ាស៊ីនតោន ឬ ទប់ទល់ការឈ្លានពាន នៅថ្ងៃ ណាមួយ។
លោក Heilbrun បានបន្តទៀតថា ដើម្បីបន្ធូរ បន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ លោក ដូណាល់ ត្រាំ មិនអាចប្រើប្រាស់កម្លំាងយោធា ឬក៏ការដាក់សម្ពាធ ដូចបច្ចុប្បន្នទៀតនោះទេ ពោលគឺលោកគួរតែគិតគូរឱ្យបាន វែងឆ្ងាយទាក់ទិននឹងការបង្កើតទំនាក់ទំនង ជាមួយកូរ៉េខាង ជើង ឬក៏អាចនិយាយម្យ៉ាងទៀតបានថា លោកត្រាំ គួរតែរៀប ចំកម្រាលព្រំក្រហមទទួល លោក គីម ជុងអ៊ុន ដោយយកគម្រូ តាមអតីតមេដឹកនាំសហភាពសូវៀត លោក Nikita Khrouchtchev ដែលបានបំពេញដំណើរទស្សនកិច្ចមកកាន់ សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៥៩ ចំពេល ទីក្រុងមូស្គូនិង ទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹងនឹងគ្នា លើសពេល ណាៗទំាងអស់ ក្នុងសម័យសង្រ្គាមត្រជាក់។
តែទោះបីជាយ៉ាងនេះក្ដី សូម្បីតែសេតវិមាន ក៏បានទទួល ស្គាល់រួចហើយដែរថា ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងមិនអាចកើត ឡើងក្នុងពេលឆាប់ៗ នេះទេ។ លើសពីនេះទៅទៀត ផ្អែកលើស្ថានភាពបច្ចុប្បន្ន ជំនួបនេះក៏ទំនងជានឹងមិនអាចកើតឡើងដែរ ខណៈ ទីក្រុងព្យុងយ៉ាង យល់ថាសហរដ្ឋអាមេរិក នៅតែចិញ្ចឹម ចិត្តឈ្លានពានខ្លួនគ្រប់ពេលវេលា នៅក្នុងបរិបទដែល កងទ័ព អាមេរិករាប់ម៉ឺននាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង និងជប៉ុន៕