ហេង សេលីណា គឺជាអ្នកបម្រើការលើយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air តាំងពីឆ្នាំ ២០១៣។ ដោយសារមានរូបរាងស្អាត អ្នកបម្រើលើយន្តហោះរូបនេះ ធ្លាប់ថតពាណិជ្ជកម្មជាច្រើនមានដូចជា ស្ប៉តពាណិជ្ជកម្មក្រដាសអនាម័យ Cellox ទឹកបរិសុទ្ធ Provida និងបុរីប៉េងហួតជាដើម ដោយបានថតក្នុងឆ្នាំ ២០១៦។
មកដល់ដើមឆ្នាំ ២០១៧ នេះ សេលីណា បានបន្តមកថតភាពយន្តទៀត ក្នុងរឿង "នំប៉័ងសុបិនស្នេហ៍" ដែលវីដេអូភាគទី១ដែលនាងសម្ដែង។ "ពីមុនមកខ្ញុំធ្លាប់តែថតស្ប៉តពាណិជ្ជ ទើបតែលើកនេះ បានថតភាពយន្ត។ តែដោយសារមួយរយៈនេះការងាររាងទំនេរ ហើយបងអ្នកដឹកនាំនៅស៊ីធីអិនហៅថត ក៏ថតទៅ ចង់ដឹងសមត្ថភាពខ្លួនឯងផង"។ សេលីណា ថ្លែង។
បើទោះនេះជាការងារសម្ដែងភាពយន្តលើកទី១ពិតមែន ប៉ុន្តែស្រីស្អាតវ័យ ២៧ឆ្នាំរូបនេះ បញ្ជាក់ថា មិនទាន់មានគម្រោងថតរឿងផ្សេងទៀតឡើយ ដោយសារតែការងាររបស់នាងជើងមិនសូវជាប់ដី។ ជារួម គឺនាងមិនសូវមានពេលទំនេរ សម្រាប់ការងារសម្ដែងឡើយ។ ទើបភាគច្រើននាងតែងទទួលត្រឹមតែការថតស្ប៉តពាណិជ្ជកម្មដែលត្រូវការពេលតិចជាងសម្រាប់ថតប៉ុណ្ណោះ។
វិលមកការងារជាអ្នកបម្រើការលើយន្តហោះវិញ សុជាតា ឬ សេលីណា ប្រាប់ថា បានចូលធ្វើការតាំងពីឆ្នាំ ២០១៣ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង។ "កាលណោះ ចប់ភ្លាមក៏ចូលធ្វើការតែម្ដង។ ថ្ងៃមួយគេប្រកាសរើសអ្នកធ្វើការលើយន្តហោះ ហើយមិត្តភ័ក្ដិគេ Call មកប្រាប់ ខ្ញុំអត់មានបានចាប់អារម្មណ៍អីទេ តែមិត្តភ័ក្ដិគេចេះតែជំរុញ ក៏ដាក់ទៅ។ កាលហ្នុងយកពាក្យទៅដាក់ថ្ងៃចុងក្រោយគេទៀត ដាក់ហើយសម្ភាសន៍ជាប់ ក៏ធ្វើរហូតមកដល់សព្វថ្ងៃទៅ"។
មកទល់នឹងពេលនេះ មានរយៈប្រមាណជា៤ឆ្នាំហើយក្នុងការងារជានារីបម្រើការលើយន្តហោះ ដោយធ្លាប់បានហោះហើរទាំងក្នុង និងក្រៅស្រុក មានចិន កូរ៉េ ជាដើម។ តាមរយៈការងារនេះ សេលីណា មិនមានចេតនាចោលការងារ ស្រវាសិល្បៈឡើយ។ "អត់ទាន់គិតដល់រឿងហ្នឹងទេបង ឥឡូវគិតតែធ្វើការសិន រឿងការងារសម្ដែងបើមាន ខ្ញុំសុខចិត្តយកថ្ងៃ Day off របស់ខ្ញុំមកថតទៅ រឿងឈប់ពីការងារអត់ទាន់គិតដល់ទេ"៕




