
ប្រភពខាងលើបានឲ្យដឹងថា រថយន្តក្រុងផ្ទុកមនុស្សសរុប៥៦នាក់ បានធ្លាក់ផ្លុងចូលទៅក្នុងទឹកទន្លេនៅរដ្ឋ Himachal Pradesh ភាគខាងត្បូងឥណ្ឌា ដែលស្ថិតនៅចម្ងាយប្រមាណ ១១៥គីឡូម៉ែត្រពីទីក្រុង Shimla។ លោក Rohan Chand Thakur ស្នងការនៃសង្កាត់មួយរបស់ទីក្រុង Shimla បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «យោងតាមសេចក្តីរាយការណ៍បឋម រថយន្តក្រុងឯកជនមួយគ្រឿង បានធ្លាក់ទៅក្នុងជ្រោះ ហើយបានសម្លាប់មនុស្សជាង៤០នាក់ ខណៈសេចក្តីរាយការណ៍ចុងក្រោយថ្មីបំផុត ដែលខ្ញុំទទួលបានគឺមនុស្ស៤៤នាក់ហើយ បានបាត់បង់ជីវិត»។
លោក Thakur បានបន្ថែមថា ភ្លាមៗនេះកម្លាំងប៉ូលិសក៏បានប្រញាប់ប្រញាល់ ធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដែលកំពុងមានការជួយសង្រ្គោះយ៉ាងសស្រាក់សស្រាំផងដែរ។ ដោយឡែកពុំទាន់មាននរណាបានដឹងនៅឡើយនោះទេ អំពីមូលហេតុនៃគ្រោះថ្នាក់នេះ ឬមួយក៏អ្នកដំណើរដទៃទៀត ដែលនៅរស់រានមានជីវិតបានទទួលរងរបួសធ្ងន់ ឬស្រាលដែរឬយ៉ាងណានោះ។
គួរបញ្ជាក់ថា ឥណ្ឌាស្ថិតនៅក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវៗ បំផុតនៅលើពិភពលោក ដោយមានមនុស្សស្លាប់មិនក្រោម ១៥០,០០០នាក់ ឡើយក្នុងមួយឆ្នាំៗ ដោយសារតែផ្លូវថ្នល់មិនល្អ យានជំនិះដែលគ្មានការពារថែទាំ ក៏ដូចជាការត្រួតពិនិត្យឲ្យដិតដល់ត្រឹមត្រូវ និងការបើកបរដោយធ្វេសប្រហែសជាដើម៕