
អ្នកទោសដែលលួចរត់ចេញពីពន្ធនា ៥នាក់នោះ ១.ឈ្មោះ សូម ហាក់ ចាប់ខ្លួនពីបទ ផ្ដល់មធ្យោបាយឲ្យអ្នកទោសលួចរត់ ២.ឈ្មោះ កែវ ចន្ទ ចាប់ខ្លួនពីបទ រក្សាទុក និងប្រើប្រាស់សារធាតុញៀន ៣.ឈ្មោះ កែវ ឆក ចាប់ខ្លួនពីបទ រក្សាទុក និងប្រើប្រាស់សារធាតុញៀន .៤.ឈ្មោះ សុខ នី ចាប់ខ្លួនពីបទ លួចកាប់ដើមធ្នង់ក្នុងតំបន់រមណីយ៍ដ្ឋានអូរស៊ីនលែរ៍ ៥.ឈ្មោះ នង វណ្ណា ជាប់ទោសពីបទ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន (ត្រូវចាប់បានវិញភ្លាមៗ ក្រោយពេលរត់រួច)។
លោក ខ្យាល ប៉ាង៉ាង មន្ត្រីអនុរក្ស ជាប្រធានវេនប្រចាំការ និងវេនយាមនៅពេលយប់ បានឲ្យដឹងថា នៅយប់កើតហេតុ លោកជាអ្នកយាមមុនវេនកើតហេតុ។ លោកបន្តថា ពេលវេនរបស់យាមមិនមានហេតុការណ៍អ្វីទេ ក្រោយពេលដែលគាត់ប្រគល់វេនឲ្យគេបន្ត លោកបានចូលទៅដេក ទើបមានហេតុការនេះកើតឡើង។
ដោយឡែកលោក ចែម ចំរើន និង លោក សឹង ជីឡាំ ជាមន្ត្រីអនុរក្សពន្ធនាគារ ដែលយាមនៅពេលមានហេតុការណ៍នោះ បានឲ្យដឹងថា ក្រោយពេលគេប្រគល់វេនឲ្យគាត់គ្រប់គ្រង លោកបានដើរល្បាតជុំវិញអាគារឃុំអ្នកទោស ប្រមាណជា១០នាទី ពួកគាត់ក៏ត្រឡប់មកអង្គុយវិញស្រាប់តែមានហេតុការណ៍នេះកើតឡើងនៅពេលឮ សម្លេងក្ដូង ពេលនោះគាត់បានត្រឹមស្រែកឲ្យជួយតែប៉ុណ្ណោះ លោកមិនហ៊ានចូលទៅទេ ពីព្រោះពួកគាត់មានគ្នាពីរនាក់មានតែដៃទទេ លោកប្រធានវេនយាមមុនមិនបានប្រគល់កាំភ្លើងឲ្យពួកគាត់ពីរនាក់ទេ។ លោកបានបន្តថា បើយោងតាមចម្លើយអ្នកទោសម្នាក់ដែលចាប់មកវិញឆ្លើយថា ពួកគេបានធ្វើសកម្មភាពលួចឆ្កិះសោរទ្វារ តាំងពីម៉ោង ១២យប់មកម្លេះ រហូតដល់ម៉ោង២ ទើបរួច។
ជុំវិញករណីនេះលោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តរតនគិរី ថា បន្ទាប់ពីចប់ម៉ោងធ្វើការ ប្រធានអាគារនុរក្ស បានប្រគល់សោរឲ្យប្រធានវេនយាមយប់ ក្រោយពេលដែលលោកបានដើរត្រួតពិនិត្យរួច។ ហើយយប់ដែលកើតហេតុ លោក ខ្យាល ប៉ាង៉ាង ប្រធានវេនយាមយប់ គាត់ធានាយាមម្នាក់ឯងដោយមិនមានកូនចៅយាមជាមួយ រហូតដល់ម៉ោង២ រំលងអាធ្រាត ទើបប្រគល់វេនឲ្យអ្នកពីរនាក់ខាងលើ ដោយមិនប្រគល់កាំភ្លើងឲ្យអ្នកយាមបន្តទៀតផង។ លោកបានបញ្ជាក់ថា អ្នកទោសដែលរត់ទាំង៥នាក់ គឺរត់ចេញពីបន្ទប់ A7។
បើទោះជាយ៉ាងណា ករណីអ្នកទោសរត់ចេញពីពន្ធនាគារខាងលើនេះ ត្រូងបានមជ្ឈដ្ឋានមហាជន សង្ស័យថា មន្ត្រីក្រោមឱវ៉ាទរបស់លោក ហាក់មានចេតនារៀបគំរោង ដើម្បីទំលាក់កំហុសលើលោក ទីន សុណ្ណនី ។ ពីព្រោះថា តាំងពីលោក ទីន សុវណ្ណនី ឡើងកាន់តំណែងរយៈពេល៣ឆ្នាំ កន្លងមកនេះ មាន៣ករណីមកហើយ ដែលអ្នកទោស លួចរត់ចេញពីគុក ហើយរាល់ករណីនីមួយៗ ភស្ដុតាង និងសកម្មភាព គួរឲ្យសង្ស័យ ហាក់ដូចជាមានការរៀបចំ ៕






