បញ្ជាក់ក្នុងពិធីជួបជុំសិល្បករកាលពីពេលថ្មីៗ លោក ព្រហ្ម ម៉ាញ បានបញ្ជាក់ថា តាមគម្រោងការបើកសាលាមួយសិល្បៈមួយនេះឡើង គឺលោកសហការណ៍ជួយសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ហើយបើសិនគម្រោងនេះដើររលូន សាលា អាយ៉ៃ អាចនឹងបង្ហាញរូបរាងឲ្យកូនខ្មែរបានឃើញនៅក្រោយបុណ្យចូលឆ្នាំខ្មែររួច។
អ្នកចម្រៀង អាយ៉ៃ កំពូលរបស់កម្ពុជារូបនេះបន្តថា គម្រោងបើកសាលា អាយ៉ៃ គឺធ្វើឡើងមានទាំងផ្ដល់អាហារបីពេល កន្លែងស្នាក់នៅដល់សិស្ស ព្រោះអ្នកដែលមាននិស្ស័យស្រឡាញ់សិល្បៈប្រភេទនេះភាគច្រើនគឺមកពីតាមខេត្ត ។ រីឯគោលបំណងដែលលោកបង្កើតសាលា អាយ៉ៃ ឡើង ព្រោះតែមើលឃើញថា អ្នកស្នងសិល្បៈប្រភេទនេះពុំសូវមាន។

គួរបញ្ជាក់ដែរថា ទោះជាកំពូលតារាពូកែវោហារ លេងពាក្យសម្ដីលោក ព្រហ្ម ម៉ាញ បានប្រកាសព័ត៌មានជាបឋម តែលទ្ធផលមិនទាន់បង្ហាញក្ដី ក៏មានយុវជនជាច្រើនចាប់អារម្មណ៍ និងព្យាយាម Comment សួរនាំពេលវេលា និងទីតាំងច្បាស់លាស់។ ចម្ងល់នេះទោះជាមិនទាន់មានអ្នកឆ្លើយតប តែបានបង្ហាញឲ្យឃើញថា យុវជនសម័យនេះនៅតែមានអ្នកចាប់អារម្មណ៍មកលើសិល្បៈ អាយ៉ៃ ដែលជាសិល្បៈមួយប្រភេទមិនសូវមានការយកចិត្តទុកដាក់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធនៅពេលកន្លងមក៕