
លោក ព្រាប សុវត្តិ បានលើកឡើងថា ការចូលរួមសម្ដែងក្នុងកម្មវិធីខាងលើនេះលោក មិនបានទទួលយកថវិកាទេ ហើយការចេញដំណើរទៅសម្ដែងរបស់លោកជើងនេះគឺលោកត្រូវចំណាយលុយក្នុងហោប៉ៅខ្លួនឯងបន្ថែមលើកញ្ចប់ចំណាយរបស់អ្នករៀបចំកម្មវិធី ព្រោះការចេញសម្ដែងលើកនេះក៏មានតន្ត្រីករ និងអ្នករាំផ្ទាល់ខ្លួនរបស់លោកទៅជាមួយចំនួន១១នាក់ផ្សេងទៀតផងដែរ។ តារារូបនេះបន្តថា ការលះបង់នេះ គឺលោកគ្មានគំនិតអ្វីក្រៅពីស្រឡាញ់ និងចង់ជួយខ្មែរតាមដែលអាចធ្វើបាននោះទេ។
អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានលើកឡើងដែរថា ការចូលរួមកម្មវិធីនេះ អ្នកនាងក៏ចង់ចូលរួមលើកស្ទួយសិល្បៈខ្មែរឲ្យបងប្អូនខ្មែរ និងបរទេសបានឃើញ និងស្គាល់ខ្មែរកាន់តែច្បាស់ តាមរយៈការលើកយកបទចម្រៀងសម័យបុរាណ និងបទប្រពៃណីមកបកស្រាយ។ តារាចម្រៀងរៃកណ្ដឹងរូបនេះបន្តថា ការសម្ដែងនៅប្រទេសជប៉ុនពេលខាងមុខនេះ ក្រៅពីច្រៀងបទប្រពៃណី អ្នកនាងក៏ច្រៀងបទសម័យដែលជាស្នាដៃនិពន្ធរបស់កូនខ្មែរនាពេលបច្ចុប្បន្នផងដែរ។

កញ្ញា មាន សូនីតា បានបញ្ជាក់ដែរថា ការចូលរួមសម្ដែងកម្មវិធីខាងលើនេះ នាងមិនផ្ដោតទៅលើប្រាក់ថ្លៃសម្ដែងទេ គឺនាងចង់បង្ហាញវប្បធម៌ប្រពៃណី ទេសចរណ៍ និងសិល្បៈ ខ្មែរឲ្យបរទេសស្គាល់កាន់តែច្បាស់តាមរយៈកម្មវិធីនេះ ជាមួយគ្នានោះនាងក៏នាំយកសំលៀកបំពាក់ដែលផលិតពីក្រមាខ្មែរទៅដាក់បង្ហាញ និងលក់ជូនភ្ញៀវបរទេសផងដែរ។
លោក អ៊ាម វន្នី ក៏បានចូលរួមមតិដែរថា ការដែលលោកទទួលយកការងារសម្ដែងនៅប្រទេសជប៉ុននេះ ក្រៅពីចូលរួមគាំទ្រសមិទ្ធផល និងម្ហូបអាហារខ្មែរ ដាក់បង្ហាញឲ្យបរទេសបានឃើញ លោកក៏មានបំណងចង់បង្ហាញនូវបទចម្រៀងនិពន្ធថ្មីរបស់កូនខ្មែរ ឲ្យភ្ញៀវបរទេសបានស្ដាប់ ដើម្បីទទួលបានការដោះដូរគ្នានូវចំណុចល្អៗបន្ថែម។

តន្ត្រីករបស់លោក សូ ស្រណោះ បានបញ្ជាក់ដែរថា ការចូលរួមនេះលោកក៏មានបទចម្រៀងនិពន្ធថ្មីបកស្រាយរួមគ្នាជាមួយអ្នកបង ម៉េង កែវពេជ្ជតា និងការបង្ហាញម៉ូដសំលៀកបំពាក់ច្នៃពីក្រមាខ្មែរជាមួយកញ្ញា មាន សូនីតា ផងដែរ។
លោក អ៊ូ រឹទ្ធី គណៈកម្មការស្ម័គ្រចិត្តរៀបចំកម្មវិធី បានលើកឡើងថា ការរៀបចំកម្មវិធីពិព័រណ៍ ពាណិជ្ជកម្ម កម្ពុជា ២០១៧ នៅប្រទេសជប៉ុន នេះគឺជាលើកទីបីហើយ ពោលគឺកាលពីឆ្នាំ២០១៥ម្ដង និងឆ្នាំ២០១៦ម្ដងទៀត តែមិនបានធំដុំដូចលើកនេះ ដែលមានតារាល្បីៗចូលរួមដូច្នេះទេ ។

គួរបញ្ជាក់ដែរថា កម្មវិធីនេះផ្ដើមគំនិតរៀបចំឡើងដោយស្ថានទូតខ្មែរប្រចាំនៅជប៉ុន សមាគមខ្មែរនៅជប៉ុន សមាគមនិស្សិតខ្មែរនៅប្រទេស ជប៉ុន និងសហការរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា រួមនិងក្រុមហ៊ុន BMI ,.Ltd បានគាំទ្រផងដែរ។ ដោយឡែកដំណើរចាកចេញរបស់តារាល្បីទាំងប្រាំដួង នឹងត្រូវឡើងយន្តហោះនៅថ្ងៃទី៣០ មេសា និងសម្ដែងនៅថ្ងៃទី០៣ ដល់ ថ្ងៃទី០៤ ឧសភា នៅឧទ្យានឃ៉ុឃ៉ុគិ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕